ងងឹត
រូបភាព​ថ្មី​មិន​ខកបំណង​ ពី​ James​ Webb​ បើក​បង្ហាញ​តំបន់​អាថ៌​កំបាំង​នៃ​ការ​កកើត​ផ្កាយ​

រូបភាព​ថ្មី​មិន​ខកបំណង​ ពី​ James​ Webb​ បើក​បង្ហាញ​តំបន់​អាថ៌​កំបាំង​នៃ​ការ​កកើត​ផ្កាយ​

រូបភាពដ៏អស្ចារ្យនៃកន្លែងបណ្ដុះកូនផ្កាយនៅក្នុងណេប៊ុយឡា Orion ដែលថតដោយតេឡេទស្សន៍អវកាស James Webb កំពុងបង្ហាញពីលក្ខណៈដ៏ស្មុគស្មាញអំពីរបៀបដែលប្រព័ន្ធផ្កាយនិងភពបង្កើតឡើង។ រូបភាពដែលបានចេញផ្សាយកាលពីថ្ងៃចន្ទនេះស្រាយបំភ្លឺទៅលើបរិស្ថានស្រដៀងទៅនឹងប្រព័ន្ធព្រះអាទិត្យរបស់យើងផ្ទាល់នៅពេលវេលាដែលវាបានបង្កើតឡើងជាង ៤.៥ ពាន់លានឆ្នាំមុន។

ការសង្កេតណេប៊ុយឡា Orion នឹងជួយឲ្យអ្នកវិទ្យាសាស្ត្រអវកាស យល់កាន់តែច្បាស់អំពីអ្វីដែលបានកើតឡើងកំឡុងពេលមួយលានឆ្នាំដំបូងនៃការវិវត្តន៍ភពរបស់កាឡាក់ស៊ីមីលគីវ៉េ។ ចំណុចកណ្ដាលនៃតំបន់បណ្ដុះកូនផ្កាយដូចជាណេប៊ុយឡា Orion ត្រូវបានបិទបាំងដោយបរិមាណដ៏ច្រើននៃធូលីផ្កាយ ដែលធ្វើឲ្យគេមិនអាចសិក្សាពីអ្វីដែលកំពុងកើតឡើង នៅខាងក្នុងជាមួយឧបករណ៍នានាដូចជាតេឡេទស្សន៍អវកាស Hubble ដែលពឹងផ្អែកជាចម្បងលើពន្លឺដែលអាចមើលឃើញប៉ុណ្ណោះ។ យ៉ាងណាមិញ តេឡេទស្សន៍ Webb ឯនេះវិញថតចាប់បានពន្លឺក្រហមអាំងប្រានៃលោកធាតុ ដែលអនុញ្ញាតឲ្យអ្នកអង្កេត មើលឆ្លងកាត់តាមរយៈស្រទាប់នៃធូលីទាំងនេះដោយបង្ហាញពីសកម្មភាពកើតឡើងយ៉ាងជ្រៅខាងក្នុងណេប៊ុយឡា Orion។

រូបភាពនេះគឺការថតបានលម្អិតនិងច្បាស់បំផុតនៃណេប៊ុយឡា ដែលស្ថិតនៅក្នុងតារានិករ Orion ចម្ងាយ១,៣៥០ ឆ្នាំពន្លឺពីផែនដី។ យោងតាមការចេញផ្សាយព័ត៌មានបានឲ្យដឹងថា គេអាចមើលឃើញយ៉ាងច្បាស់នៅចំណុចកណ្ដាលនៃណេប៊ុយឡា Orion គឺជាតំបន់ Trapezium នៃបណ្ដុំកូនផ្កាយក្មេងៗដ៏សម្បើមដែលបង្កើតជាពពកនៃធូលីនិងឧស្ម័នជាមួយកាំរស្មីអ៊ុលត្រាវីយូឡេដ៏ខ្លាំងក្លារបស់ពួកវា។ ការយល់ដឹងពីរបៀបដែលកាំរស្មីនេះជះឥទ្ធិពលនៅជុំវិញបណ្ដុំ គឺជាគន្លឹះក្នុងការយល់ដឹងអំពីការបង្កើតប្រព័ន្ធផ្កាយ៕

មតិ / ឆ្លើយតប

អត្តបទទាក់ទង