ងងឹត
សមត្ថកិច្ចកំពុងស្រាវជ្រាវរកជនឆបោកដោយប្រើឈ្មោះធនាគារ BAB

សមត្ថកិច្ចកំពុងស្រាវជ្រាវរកជនឆបោកដោយប្រើឈ្មោះធនាគារ BAB

ភ្នំពេញៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានអំពាវនាវឱ្យជនរងគ្រោះដែលបានចាញ់បោកក្រោមរូបភាពកម្ចីតាមអនឡាញពីធនាគារដែលមានឈ្មោះថា BAB ដាក់ពាក្យបណ្ដឹងមកនាយកដ្ឋាន ឬ ស្នងការដ្ឋាន ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវរកជនឆបោកដែលនៅពីក្រោយធនាគារមិនបានចុះបញ្ជីនេះ។

កាលពីពេលថ្មីៗនេះ មានពលរដ្ឋជាបន្តបន្ទាប់បានបង្ហោះ និងបានអះអាងថា ពួកគាត់បានចាញ់បោកប្រាក់ជាច្រើនទៅឱ្យធនាគារមួយឈ្មោះ BAB បន្ទាប់ពីធនាគារនេះបង្ហោះពីការផ្តល់កម្ចីដល់ពលរដ្ឋ ប៉ុន្តែការកម្ចីគឺធ្វើឡើងតាមរយៈអនឡាញ។

លោកសុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៩ ខែមេសាថាបច្ចុប្បន្ននាយកដ្ឋានកំពុងទាក់ទងជនរងគ្រោះដែលបានរាយការណ៍មកតាមប្រព័ន្ធ Messenger របស់នាយកដ្ឋាន។

លោកបានថ្លែងថា៖ «នាយកដ្ឋាននឹងធ្វើការស្រាវជ្រាវគ្រប់ពាក្យបណ្ដឹងដែលទទួលបាន។ ករណីនេះបើស្គាល់ជនរងគ្រោះអាចណែនាំឱ្យគាត់ដាក់បណ្ដឹងមកនាយកដ្ឋាន ឬស្នងការដ្ឋានបាន»។

ជនរងគ្រោះម្នាក់ដែលប្រាប់ត្រឹមឈ្មោះម៉ាក់ លឹមម៉េង បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៩ មេសាថា អ្នកស្រីបានចាញ់បោកតាមរយៈការឃោសនារបស់ធនាគារនេះអស់ប្រាក់ជិត ៧០០ ដុល្លារដោយសារចង់ប្រើសេវាកម្ចីដែលធនាគារនេះបានឃោសនា។

អ្នកស្រីបានបញ្ជាក់ថា៖ «ខ្ញុំឃើញធនាគារនេះ បង្ហោះតាមហ្វេសប៊ុក ហើយខ្ញុំក៏ទាក់ទងទៅ។ ពេលនោះខ្ញុំស្នើខ្ចីបាន ៣ ០០០ ដុល្លារដែលគេបានឱ្យយើងបង្កើតគណនី និងដាក់លេខលេខកូដ និងតម្កល់លុយ ៥០ ដុល្លារ។ បន្ទាប់មក គឺឱ្យយើងតម្កល់លុយរហូត។ គណនីដែលយើងបង្កើតខ្លួនឯង គេនៅតែយកលុយយើងបាន»។

បន្ទាប់ពីបានដឹងខ្លួនថា ចាញ់បោកធនាគារនេះ អ្នកស្រី ក៏បានដាក់ពាក្យបណ្តឹងទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាតាមអនឡាញ និងបានបង្ហោះលើហ្វេសប៊ុក ហើយក៏មានជនរងគ្រោះជាច្រើនដូចអ្នកស្រីបានអះអាងថា ពួកគេក៏បានចាញ់បោកជនឆបោកក្រោមរូបភាពធនាគារនេះដែរ។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំដឹងខ្លួនថាបានចាញ់បោកហើយ ក៏បញ្ឈប់តាមការដាក់លុយក្នុងគណនីដែលធនាគារនោះបានតម្រូវ។ មានអ្នកចាញ់បោកលុយច្រើនជាងខ្ញុំទៀត អ្នកខ្លះរហូតដល់រាប់ពាន់ដុល្លារ ព្រោះតែធ្វើតាមការណែនាំរបស់គេដើម្បីចង់បានលុយកម្ចី។ ពេលខ្ញុំបង្ហោះ (លើហ្វេសប៊ុក) មានគេអ្នកចាញ់បោកដែរ ឆាតមកប្រាប់ខ្ញុំច្រើនគ្នាណាស់»។

តាមគណនីមួយឈ្មោះ Saray ដែលជាជនរងគ្រោះម្នាក់ដែរបានប្រាប់ពីរឿងរ៉ាវដែលបានជួបប្រទះថា៖ «វាថាឱ្យយើងវេរលុយទៅវា យើងបានលុយមកវិញ ៣ ១៥០ ដុល្លារ (សំណើកម្ចី)។ មុនដំបូងវេរ ៩០ ដុល្លារ វាថាបង់សេវាចូលរដ្ឋបន្ទាប់មក ១៥០ ដុល្លារ វាថាជាប្រាក់កក់ រួច ៥០ ដុល្លារទៀត វាថាថ្លៃសេវាលេខកូដដើម្បីដកប្រាក់។ រួចវាឱ្យលេខកូដមក ហើយខ្ញុំទៅដកលុយហើយដកអត់បាន គេថា ខុសលេខទូរស័ព្ទ»។

គណនីដដែលបន្តថា៖ «បន្ទាប់មកវាឱ្យខ្ញុំវេរលុយឱ្យវា ១០០ ដុល្លារបន្ថែមដើម្បីបង្កកលុយបិទកុំឱ្យគេដកបាន។ រួចថាលុយហ្នឹងវេរខុសលេខចូលគេ អ៊ីចឹងវាថាគេហ្នឹងនិយាយថា បើបានលុយហ្នឹងមកវិញគេសុំ ៣០០ ដុល្លារ។ ខ្ញុំសួរថា ឱ្យគេដកក្នុង ៣ ១៥០ ដុល្លារហ្នឹងបានអត់? វាថាលុយនោះគេបង្កករួចហើយ ដែលមិនអាចដកបាន។ បន្ទាប់មកឱ្យខ្ញុំវេរលុយទៅ ១០០ ដុល្លារទៀតដើម្បីដូរលេខទូរស័ព្ទហើយបន្ថែម ៥០ ដុល្លារទៀត ដើម្បីយកលេខកូដថ្មី»។

យ៉ាងណាក៏ដោយ ក្នុងគណនីឆបោកបន្លំដែលមានឈ្មោះ BAB នេះ ត្រូវបានពលរដ្ឋរងគ្រោះអះអាងថា ជនឆបោកមានសមាជិកជាក្រុមដោយបានរៀបចំការឆបោកតាមអនឡាញដែលបានបន្លំយកទីតាំងធនាគារមួយដែលមានឈ្មោះពិតដើម្បីបន្លំឱ្យពលរដ្ឋជឿជាក់។

ក៏ប៉ុន្ដែបើតាមការអះអាងរបស់ធនាគារប្រេដ ប៊ែង ដែលត្រូវបានគេក្លែងទីតាំងមកបន្លំបោកពលរដ្ឋ បានបញ្ជាក់កាលពីចុងខែមីនាថា ឈ្មោះធនាគារ BAB នេះមិនបានចុះបញ្ជីត្រឹមត្រូវទេ។

ធនាគារ ប្រេដ ប៊ែង បានបង្ហោះការបកស្រាយដូច្នេះថា៖ «ធនាគារ ប្រេដ ប៊ែង ខេមបូឌា នាពេលថ្មីៗនេះ បានទទួលដំណឹងអំពីករណីដែលមានជនបោកប្រាស់បានធ្វើការប្រើប្រាស់រូបភាពសាខាបាត់ដំបងរបស់ធនាគារយើងខ្ញុំជាមួយនឹងការកែប្រែ ស្លាកយីហោ និងឈ្មោះរបស់ធនាគារយើងខ្ញុំដើម្បីប៉ុនប៉ងបោកប្រាស់អតិថិជនដែលមិនបានដឹងព័ត៌មាន»។

ក្រៅពីការបកស្រាយនេះ ធនាគារ ប្រេដ ប៊ែង ខេមបូឌា ក៏បានអះអាងដែរថា ខ្លួនមិនមានការជាប់ពាក់ព័ន្ធជាមួយស្ថាប័នដែលហៅខ្លួនឯងថា 'ធនាគារ BAB' ឬ 'BAB Loan' ហើយ'ធនាគារ BAB' ឬ 'BAB Loan' មិនមែនជាធនាគារដែលមានអាជ្ញាប័ណ្ណទេ។

ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងលោកស្រី ជា សិរី អគ្គនាយិកាធនាគារជាតិបានទេ កាលពីថ្ងៃទី ១៩ ខែមេសា។ ប៉ុន្តែ បើតាមរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ ២០២២ របស់ធនាគារជាតិ មិនមានឈ្មោះធនាគារ BAB ឬ BAB Loan នៅក្នុងបញ្ជីទេ។

ជាមួយនេះដែរ ភ្នំពេញប៉ុស្តិ៍បានព្យាយាមទាក់ទងតាមរយៈលេខទំនាក់ទំនងរបស់ធនាគារ BAB ឬBAB Loan និងតាមរយៈលេខមន្ត្រីឥណទានដែលពលរដ្ឋបានចាញ់បោកកាលពីថ្ងៃទី ១៩ មេសា ប៉ុន្តែលេខទាំងនោះ គឺសុទ្ធតែមិនអាចទាក់ទងបាន៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

ពាក្យទាក់ទង

មតិ / ឆ្លើយតប

អត្តបទទាក់ទង