ងងឹត
ភាពតានតឹងផ្លូវចិត្ត អាចធ្វើឲ្យ​យើងប្រឈមបញ្ហាអត់កូន

ភាពតានតឹងផ្លូវចិត្ត អាចធ្វើឲ្យ​យើងប្រឈមបញ្ហាអត់កូន

ភាពតានតឹង (ស្រេ្តស) មិនត្រឹមតែជះឥទ្ធិពលដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តយើងទេ ថែមទាំងធ្វើឱ្យយើងប្រឈមបញ្ហាអត់មានកូនទៀតផង។ តើភាពតានតឹងប៉ះពាល់ដល់លទ្ធភាពបង្កកំណើតតាមវិធីណាខ្លះ? ហើយយើងគួរដោះស្រាយបែបណា?

ភាពតានតឹងធ្វើឱ្យយើងសោកសៅ ឆាប់ខឹង ឈឺក្បាល និងអសកម្ម ហើយជំរុញឱ្យយើងមានទំនោររស់នៅមិនល្អដែលប៉ះពាល់ដល់សុខភាព ឬបណ្តាលឱ្យយើងឡើងគីឡូដែលជះឥទ្ធិពលដល់ការមានកូន។

១. គេងមិនលក់

តាមការសិក្សាបានឱ្យដឹងថា ការគេងតិចជាងប្រាំម៉ោងជាប្រចាំធ្វើឱ្យយើងប្រឈមនឹងការធាត់ ព្រោះពេលយើងគេងមិនគ្រប់គ្រាន់ រាងកាយនឹងអស់កម្លាំងដែលតម្រូវឱ្យយើងញុំាច្រើន។ ភាពធាត់ជាកត្តាប៉ះពាល់ដល់ការមានផ្ទៃពោះ។

២. ញ៉ាំអាហារមិនល្អចំពោះសុខភាព

នៅពេលយើងតានតឹង យើងមានទំនោរញ៉ាំអាហារដែលមិនល្អចំពោះសុខភាពដែលបង្កឱ្យយើងធាត់។ ផ្ទុយទៅវិញ ពេលតានតឹងខ្លំាងអាចធ្វើឱ្យយើងមិនឃ្លាន ឬបាត់បង់ចំណង់អាហារ ហើយធ្វើឱ្យយើងខ្វះអាហារូបត្ថម្ភដែលប៉ះពាល់ដល់ការមានកូនក៏មាន។

៣. អស់កម្ម

ការហាត់ប្រាណទៀងទាត់នាំឱ្យរាងកាយយើងមានសុខភាពល្អ និងអាចស្រកទម្ងន់។ ផ្ទុយទៅវិញ ស្រ្តេសធ្វើឱ្យយើងអសកម្ម យើងមិនចង់ហាត់ប្រាណ ឬធ្វើអ្វីទាំងអស់ដែលធ្វើឱ្យយើងឡើងទម្ងន់។

៤. ញុំាគ្រឿងស្រវឹង

ភាពតានតឹងអាចឱ្យយើងញុំាគ្រឿងស្រវឹងដើម្បីកាត់សាញ ឬរំសាយអារម្មណ៍។ តាមការសិក្សាបានឱ្យដឹងថា ស្រ្តីដែលញុំាគ្រឿងស្រវឹងលើសពី ៤ ដងក្នុងមួយសប្តាហ៍ប៉ះពាល់ដល់លទ្ធភាពក្នុងការបង្កកំណើត និងមានហានិភ័យខ្ពស់ក្នុងការរលូតកូន។

៥. ជក់បារី

ស្រ្តីមួយចំនួនអាចបំបាត់ភាពតានតឹងដោយការជក់បារី។ ការជក់បារីអាចធ្វើឱ្យដៃស្បូនស្ទះដែលបង្កើនហានិភ័យកើតមហារីកមាត់ស្បូន បំផ្លាញមេជីវិតញីនៅក្នុងក្រពេញអូវែ និងរលូតកូន។

៦. ប៉ះពាល់វដ្តរដូវ

ពេលយើងស្រេ្តសខ្លាំង វដ្តរដូវនឹងអាក់ខានដោយអូវុលមិនបញ្ចេញ ឬបញ្ចេញមេជីវិតញីយឺតដែលបង្កឱ្យយើងមករដូវយឺត ឬរាំងរដូវ ហើយប៉ះពាល់ដល់ការបង្កកំណើត។

៧. បាត់បង់ចំណង់ផ្លូវភេទ

ភាពតានតឹងធ្វើឱ្យប្រព័ន្ធសរសៃប្រសាទយើងបង្កើនល្បឿនចង្វាក់បេះដូងដែលធ្វើឱ្យយើងដកដង្ហើមញាប់ និងបង្កើនកម្រិតជាតិស្ករក្នុងរាងកាយ។ ដូច្នេះរាងកាយយើងនឹងផលិតអ័រម៉ូនស្រ្តេស (Cortisol) ដើម្បីឆ្លើយតបទៅនឹងភាពតានតឹងដោយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម គ្រប់គ្រងការបំប្លែងថាមពល និងកាត់បន្ថយការរលាក ជាជាងផលិតអ័រម៉ូនភេទ (អ៊ឹស្ត្រូសែន ប្រូហ្សេស្តេរ៉ូន និងតេស្តូស្តេរ៉ូន) ដែលធ្វើឱ្យចំណង់ផ្លូវភេទយើងថយចុះ។

បើយើងអត់មានកូនដោយសារភាពតានតឹង ឬក្នុងអំឡុងពេលព្យាយាមយកកូន មានភាពតានតឹងយើងអាចកាត់បន្ថយភាពតានតឹងតាមរយៈការហាត់ប្រាណ ហាត់យូហ្កា ធ្វើសមាធិ ដើរកំសាន្ត ស្តាប់តន្រ្តី ឬម៉ាស្សាជាដើមដើម្បីធ្វើឱ្យរាងកាយស្រស់ស្រាយ និងមានអារម្មណ៍ល្អឡើងវិញ។

មតិ / ឆ្លើយតប