ងងឹត
អត្ថប្រយោជន៍ ៦ យ៉ាងរបស់ល្ហុងទុំមិនគួរមើលរំលង!

អត្ថប្រយោជន៍ ៦ យ៉ាងរបស់ល្ហុងទុំមិនគួរមើលរំលង!

ល្ហុងទុំសម្បូរនៅលើទីផ្សារជាមួយតម្លៃវិញក៏ធូរថ្លៃ ចំណែកអត្ថប្រយោជន៍ចំពោះសុខភាពក៏មានច្រើន។ យើងអាចច្នៃល្ហុងទុំជាអាហារសម្រន់ បង្អែម ហើយក៏អាចជាភេសជ្ជៈ ទៅតាមចំណូលចិត្ដ។ ចំពោះបរិមាណល្ហុងទុំ១០០ក្រាម មានផ្ទុកសារជាតិចិញ្ចឹមសំខាន់ៗច្រើនយ៉ាង។

សារជាតិចិញ្ចឹមទាំងនោះរួមមាន៖

  • ជាតិខ្លាញ់ ០,៣ ក្រាម
  • ប៉ូតាស្យូម ១៨២ មិល្លីក្រាម
  • កាបូអ៊ីដ្រាត ១១ ក្រាម
  • ជាតិសរសៃ ១,៧ ក្រាម
  • ស្ករ ៧,៨ ក្រាម
  • ប្រូតេអ៊ីន ០,៥ ក្រាម
  • បន្ថែមពីនោះនៅមាន ពពួកវីតាមីន A, C ជាតិកាល់ស្យូម និង ជាតិដែក។

អត្ថប្រយោជន៍ល្ហុងទុំ

១. ប្រឆាំងអុតស៊ីតកម្ម

សារធាតុ carotenoids ដែលមានក្នុងផ្លែល្ហុងទុំមានអត្ថប្រយោជន៍ពិសេសជួយប្រឆាំងអុកស៊ីតកម្ម ជួយកាត់បន្ថយភាពចាស់ជ្រីវជ្រួញតាមវ័យ។ តាមការសិក្សាបានបង្ហាញទៀតថា សារធាតុប្រឆាំងអុកស៊ីតកម្ម និងជាសារធាតុចិញ្ចឹមនៅក្នុងផ្លែល្ហុងជួយការពារព្យាបាល ជំងឺជាច្រើនទៀតដូចជា ជំងឺភ្លេចភ្លាំង ប្រតិកម្មអាលែហ្សី ប្រឆាំងជំងឺមហារីក និងជំងឺស្លេកស្លាំង។

២. ប្រឆាំងជំងឺមហារីក

សារធាតុ lycopene នៅក្នុងផ្លែល្ហុងអាចកាត់បន្ថយហានិភ័យពីការកើតជំងឹមហារីក ហើយក៏រួមចំណែកក្នុងការព្យាបាលជំងឺមហារីកផងដែរ។ ព្រោះថា lycopene មានមុខងារសំខាន់ប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលជាមូលហេតុបង្កជាជំងឺមហារីក។

៣. ជួយសុខភាពបេះដូង

ផ្លែល្ហុងក៏ជាប្រភេទអាហារដែលអាចជួយការពារសុខភាពបេះដូង។ តាមការសិក្សាបានបង្ហាញថា ប្រភេទផ្លែឈើដែលមានផ្ទុកវីតាមីន C និង Lycopene មានមុខងារជួយការពារបេះដូង។ ព្រោះសារធាតុសំខាន់ទាំង២នេះមាន តួនាទីជួយបំបែកកូលេស្ដេរ៉ូលអាក្រក់ និងបង្កើនកូលេស្ដេរ៉ូលល្អសម្រាប់បេះដូង។

កន្លងមកយើងបានដឹងខ្លះហើយថា ការកើនឡើងកូលេស្ដេរ៉ូលក្រក់ក្នុងសរសៃឈាម អាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពបេះដូង ហើយក៏អាចប៉ះពាល់ដល់សរសៃឈាមខួរក្បាលផងដែរ។

៤. ប្រឆាំងការរលាក

ការរលាករ៉ាំរៃ គឺជាមូលហេតុសំខាន់ដែលបណ្ដាលឲ្យសុខភាពវិវត្ដទៅជាជំងឺផ្សេងៗ។ ចំណែកផ្លែឈើ បន្លែ ដែលមានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្មគឺជាប្រភពដែលអាចជួយប្រឆាំងទៅនឹងការលាក និងជួយព្យាបាលផងដែរ។ តួយ៉ាងដូចជាផ្លែល្ហុងទុំនេះជាដើម ដែលមានសារធាតុLycopene ជាសារធាតុដែលអាចប្រឆាំងទៅនឹងការរលាកបាន។

៥. ជួយប្រព័ន្ធរំលាយអាហារ

ប្រភពនៃប្រូតេអ៊ីន និង ជាតិសរសៃដែលមានក្នុងផ្លែល្ហុងមានមុខងារជួយដល់ដំណើរការប្រព័ន្ធរំលាយអាហារបានល្អ ពិសេសអាចជួយដោះស្រាយអ្នកមានបញ្ហាទល់លាមក និងពិបាកបន្ទោរបង់ទៀតផង។ ម្យ៉ាងវិញទៀត ជាតិកាល់ស្យូមដែលមាននៅក្នុងផ្លែល្ហុងក៏អាចជួយដល់មុខងារសាច់ដុំក្រពះ ពោះវៀន។

៦. ជួយស្បែក

ផ្លែល្ហុងក្រៅតែពីប្រភេទអាហារដែលអាចជួយការពារពីជំងឺ តែក៏ជួយដល់សុខភាពស្បែកឲ្យភ្លឺថ្លា និង កាត់បន្ថយភាពជ្រួញ ព្រោះដោយសារតែវត្ដមានវីតាមីន C និង Lycopene។ វីតាមីន C មានទំនាក់ទំនងសំខាន់ជួយឲ្យរាងកាយអាចផលិតខូឡាជែននៅក្នុងស្បែកដែលជួយបន្ថយភាពខូចខាតរបស់ស្បែកវិវត្ដទៅតាមវ័យ។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕ 

ប្រភព៖ Khmerload

មតិ / ឆ្លើយតប