ងងឹត
ក្រោយ​ជោគជ័យ​ជាមួយ​រឿង​ “Jail​ Break”​ ឥឡូវ​ Jimmy​ ប្រកាស​ផែនការ​រឿង​ថ្មី​ គឺ​រឿង​

ក្រោយ​ជោគជ័យ​ជាមួយ​រឿង​ “Jail​ Break”​ ឥឡូវ​ Jimmy​ ប្រកាស​ផែនការ​រឿង​ថ្មី​ គឺ​រឿង​ "KTV”

អ្នកដឹកនាំរឿង Jimmy Henderson ដែលបានសាងកេរ្តី៍ឈ្មោះតាមរយៈភាពយន្តជាច្រើននៅកម្ពុជា ពិសេសរឿង "Jail Break" នោះ ឥឡូវបានប្រកាសផែនការភាពយន្តថ្មីមួយរឿងទៀតមានចំណងជើងថា "KTV” ឬ “Killing Time Violently”។

"KTV” ឬ “Killing Time Violently” គឺជាភាពយន្តប្រភេទ Action ថ្មីមួយទៀតរបស់កម្ពុជា សហការផលិតឡើងដោយ M Picture ផលិតកម្ម K Two River Internationalព្រមទាំងស្រាបៀ ហនុមាន។ Jimmy Henderson ប្រាប់ថា ចាប់តាំងពីលោកបានរស់នៅកម្ពុជារយៈពេល ១១ឆ្នាំ រហូតមានគ្រួសារមួយនៅកម្ពុជា លោកកាន់តែមានអារម្មណ៍ថា ខ្លួនឯងជាពលរដ្ឋកម្ពុជាម្នាក់។

ដូច្នេះហើយ លោកតែងចង់ធ្វើអ្វីមួយដើម្បីលើកកម្ពស់ឧស្សាហកម្មភាពយន្តកម្ពុជា ក៏ដូចគ្នាដែរ លោកតែខិតខំរិះរកគំនិតថ្មីៗសម្រាប់ការផលិតភាពយន្តដាក់បញ្ចូលទៅក្នុងឧស្សាហកម្មភាពយន្តកម្ពុជា ហើយ "KTV” គឺអ្វីដែលបរិយាយអំពីអារម្មណ៍ដិតដាមមួយនោះ។ លោកលើកឡើងថា តាមរយៈ KTV លោកចង់ឲ្យប្រិយមិត្តកម្ពុជាទទួលបានអារម្មណ៍ថ្មី រួមទាំងបទពិសោធន៍ថ្មីផង។

រឿង "KTV” ឬ “Killing Time Violently” នឹងត្រូវដំណើរការផលិតឆាប់ៗ ហើយរឿងនេះ មិនត្រឹមត្រៀមសម្រាប់ទីផ្សារក្នុងស្រុកនោះទេ ប៉ុន្តែក៏មានផែនការក្នុងការធ្វើយ៉ាងណា អាចឈានចូលទៅក្នុងទីផ្សារអន្តរជាតិថែមទៀត។ នេះគឺជាចក្ខុវិស័យមួយរបស់ក្រុមហ៊ុន M Picture។

លោក ជី សិលា ថ្នាក់ដឹកនាំផលិតកម្ម បានមានប្រសាសន៍ឲ្យដឹងថា ជាផ្នែកមួយនៃការផ្ដល់ការកម្សាន្តតាមរយៈភាពយន្ត M Picture មានផ្នែកចំនួន២ ទី១ គឺនាំភាពយន្តបរទេសល្អៗមកផ្ដល់ជូនទស្សនិកជនក្នុងស្រុក តាមរយៈ Sabay MVP។ ទី២ គឺចក្ខុវិស័យ ចូលរួមចំណែកលើកកម្ពស់ឧស្សាហកម្មភាពយន្តក្នុងស្រុក។

ទី២នេះ M Picture មានកញ្ចប់ថវិកាខ្លះ សម្រាប់សហការផលិតភាពយន្តក្នុងស្រុកជាមួយអ្នកផលិតករភាពយន្តនានា។ ជាក់ស្ដែងកិច្ចសហការជាមួយ Jimmy Henderson នាពេលនេះ ក្រោយពីបានព្យាយាមរកឱកាសទំនាក់ទំនងគ្នាជាយូរមកហើយ។

លោក ជី សិលា បន្តថា ទាំងលោក និង Jimmy Henderson គឺមានគំនិតដូចគ្នា ចង់ផ្ដល់រសជាតិបន្ថែមទៅក្នុងឧស្សាហកម្មភាពយន្តក្នុងស្រុក រួមទាំងចង់ផ្លាស់ប្ដូររបៀបនៃការទស្សនាភាពយន្តក្នុងស្រុកទៅរកអ្វីដែលលើសពីការដែលមាននាពេលកន្លងមក។ ថ្នាក់ដឹកនាំរូបនេះ បន្ថែមទៀតថា ដោយមានឆន្ទៈខ្ពស់ ចក្ខុវិស័យច្បាស់ ព្រមទាំងក្រុមការងារមានសក្ដានុពល លោកមានការជឿជាក់ថា "KTV” ឬ “Killing Time Violently” ពិតជាអាចជ្រៀតចូលទីផ្សារអន្តរជាតិបាន។

លោក អ៊ូ តារា តួឯកប្រុស ក៏បានមានប្រសាសន៍ឲ្យដឹងដែរថា ពេលនេះ ជាវេលាសមស្របមួយ ដែលគួរបង្ហាញសក្ដានុពលភាពយន្តបែប Action របស់កម្ពុជាទៅកាន់ទីផ្សារ។ ដូច្នេះហើយជាតួសម្ដែងម្នាក់ លោកពិតជារីករាយ និងបានត្រៀមខ្លួនយ៉ាងល្អ។ លោកថា បាន និងកំពុងតម្លើងគីឡូ ដើម្បីដើរតួជាម៉ាហ្វៀ ដែលលោកមិនធ្លាប់សោះ។

លោកលើកឡើងថាថា ក្រុមការងារទាំងអស់ រួមទាំតួសម្ដែងទាំងអស់ កំពុងស្ថិតក្នុងការត្រៀមខ្លួន ក្នុងការធ្វើឲ្យរឿងនេះ ឈានដល់កម្រិតខ្ពស់ និងមានជំនឿថា អាចចូលទៅទីផ្សារអន្តរជាតិបាន។

ភាពយន្ត "KTV” ឬ “Killing Time Violently” គឺជាភាពយន្តប្រភេទ វាយតប់ថ្មីបំផុត ចាប់ពី Jimmy បានធ្វើឲ្យកក្រើកជាមួយរឿង "Jail Break”។ រឿងនេះ ចូលសម្ដែងដោយតារាក្បាច់គុន អ៊ូ តារា និង សំ ថារ័ត្ន។ ក្រៅពីនេះ ឌីជេ ស្ដី កញ្ញា លោក រស់ មុន្នី ពិសេសបំផុតនោះ គឺតួឯកស្រី ត្រូវបានអញ្ជើញពីប្រទេសជប៉ុនថែមទៀត៕

មតិ / ឆ្លើយតប