ងងឹត
តួស្រី​រូប​នេះមក​ពី​ជប៉ុន​ នឹង​ចូល​រួម​សម្ដែងភាពយន្ត​ខ្នាត​ធំ​ខ្មែរ រឿង

តួស្រី​រូប​នេះមក​ពី​ជប៉ុន​ នឹង​ចូល​រួម​សម្ដែងភាពយន្ត​ខ្នាត​ធំ​ខ្មែរ រឿង "KTV” ចុង​សប្ដាហ៍​នេះ!

ក្រោមកិច្ចសហការគ្នាជាមួយ M Picture, K Two River International និងស្រាបៀ ហនុមាណ លោក Jimmy Henderson បានប្រកាសផែនការរឿងថ្មីមានចំណងជើងថា "Killing Time Violently(KTV)” ដែលចំណុចគួរចាប់អារម្មណ៍ មានតួស្រីដ៏ស្រស់ស្អាតម្នាក់មកពីជប៉ុន ក៏ចូលរួមថតជាតួឯកដែរ។

នៅលើផ្ទាំងផ្សព្វផ្សាយរបស់រឿង "Killing Time Violently(KTV)” គេឃើញ តួស្រីម្នាក់ប្លែកមុខ សម្រស់ស្រស់ស្អាត និងមានសក់ពណ៌ស។ តាមពិត នាងគឺជាតួស្រីមកជប៉ុន និងមានឈ្មោះថា ឃីណាណូ ឃឺរ៉ូសាគី។ ប៉ុន្តែនាងគឺជាឈាមជ័រខ្មែរសុទ្ធ ១០០ ដោយឪពុក ម្ដាយរបស់នាង គឺជាខ្មែរ ដូច្នេះហើយ នាងក៏មានឈ្មោះខ្មែរដែរ គឺ "អ៊ុំ ដាពីន"។

តាមការបញ្ជាក់ ដាពីន បានកើតនៅទីក្រុងបាងកក លុះពេលចម្រើនវ័យបានដល់ ១៦ឆ្នាំ នាងក៏បានផ្លាស់ទៅរស់នៅប្រទេសជប៉ុនតាំងពីឆ្នាំ ១៩៨៧ គិតមកដល់ពេលនេះមានរយៈពេល ៣៥ឆ្នាំហើយ។ ដោយសាររស់នៅជប៉ុនយូរ និងមិនសូវប្រើប្រាស់ភាសាខ្មែរសម្រាប់ធ្វើទំនាក់ទំនង ដាពីន ប្រាប់ថា នាងនិយាយភាសាខ្មែរមិនសូវបានល្អទេ។

នៅជប៉ុន ឃីណាណូ ឃឺរ៉ូសាគី ឬ អ៊ុំ ដាពីន មិនមានអាជីពសិល្បករឡើយ ប៉ុន្តែនាងគឺជាអាជីវករលក់ពេជ្រ និងគ្រឿងអលង្ការផ្សេងៗ។ បែបនេះក្ដី ដាពីន បង្ហើបថា ការងារសិល្បៈដូចជាសម្ដែងភាពយន្ត គឺអ្វីដែលនាងចង់ និងស្រឡាញ់តាំងពីក្មេង។ ដូច្នេះហើយ ក្រោយលោក Jimmy Henderson ទាក់ទង នាងក៏ព្រមព្រៀងភ្លាម បើទោះមិនធ្លាប់មានពិសោធន៍ពីមុនមកក្ដី។

ស្រីស្អាតសក់សរូបនេះ អះអាងថា នាងជឿថា អាចធ្វើកិច្ចការនេះទៅរួច និងព្យាយាមឲ្យអស់លទ្ធភាព។ នៅក្នុងរឿង "Killing Time Violently(KTV)” ដាពីន សម្ដែងជាតួឯកស្រី ដែលចរិតលក្ខណៈតួអង្គនេះ គឺឆ្នាស់ សិចស៊ី។ រឿងនេះ គ្រោងនឹងចាប់ផ្ដើមថតនៅចុងសប្ដាហ៍នេះ ជាមួយទុនវិនិយោគប្រមាណ ១៥ម៉ឺនដុល្លារអាមេរិក។

អ៊ុំ ដាពីន នឹងត្រឡប់ទៅប្រទេសជប៉ុនវិញ ក្រោយពីបញ្ចប់ការថតខ្សែភាពយន្តខ្នាតធំខ្មែរ "Killing Time Violently(KTV)”រួចរាល់។

ប្រភព៖ News Sabay
អត្ថបទ៖ ទារិកា

មតិ / ឆ្លើយតប